ស្ទាវចងកំហឹងអ្នកមេម៉ាយម្នាក់... កាប់ដោយកាំបិតប៉័ងតោទាំងរស់
5:46 PM
រាជធានីភ្នំពេញ ៖ ស្ត្រីមេម៉ាយម្នាក់បានដេកស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីមានការកាប់ប្រហារដោយកាំបិតបុ័ងតោយ៉ាងព្រៃផ្សៃនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានថ្ងៃទី១៨ សីហា នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ។
លោកវរសេនីយ៍ទោជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះឡុង សាលៀម អាយុ៤០ឆ្នាំ គឺជាស្ត្រីមេម៉ាយ មានកូនប្រុស-ស្រីចំនួន៥នាក់ ក្នុងនោះ៣នាក់ទៅធ្វើការនៅប្រទេសថៃ និងម្នាក់មានប្រពន្ធរស់នៅក្នុងភូមិជាមួយគ្នា ចំណែកកូនពៅអាយុជាង១០ឆ្នាំ ។
លោកអធិការបានបញ្ជាក់ថា ក្រោយកើតហេតុ កម្លាំងនគរបាលស្រុកស្វាយចេក បានចុះធ្វើការស្រាវជ្រាវភ្លាមៗរហូតឈានដល់ចាប់ខ្លួនជនដៃដល់ឈ្មោះរួត ធំ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិជាមួយគ្នា ចំណែកបក្សពួកម្នាក់ទៀតឈ្មោះ ឈឿត រឹត ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិរបើកខ្យា ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប ក៏ត្រូវបានចាប់ខ្លួននៅវេលាម៉ោង១១ព្រឹកថ្ងៃទី១៨ សីហា ។ ការចាប់ខ្លួនជនដៃដល់ទាំង២នេះ សមត្ថកិច្ចដកហូតបានវត្ថុតាងកាំបិតបុ័ងតោ ដែលជនល្មើសធ្វើសកម្មភាពកាប់ប្រហារទៅលើជនរងគ្រោះចំនួន១ និងម៉ូតូដែលជិះធ្វើសកម្មភាព១គ្រឿង ។
លោកអធិការបានបញ្ជាក់ថា ក្រោយពីធ្វើការចាប់ខ្លួន នៅចំពោះមុខសមត្ថកិច្ច ឈ្មោះរួត ធំ ដែលជាបងធំក្នុងភូមិនោះ និងជាជនដៃដល់បានសារភាពថា រឿងហេតុដែលឈានដល់ការកាប់សម្លាប់ស្ត្រីរងគ្រោះ ក៏ព្រោះតែទាស់ពាក្យសំដីគ្នា ហើយស្ត្រីរងគ្រោះពេលឃើញមុខគេស្រែកជេរ ទើបទប់កំហឹងមិនបាន នៅយប់កើតហេតុក៏បានបបួលមិត្តភក្តិឈ្មោះ ឈឿត រឹត យកកាំបិតបុ័ងតោធ្វើសកកម្មភាពកាប់សម្លាប់តែម្តង ។ លោកអធិការបានឱ្យដឹងទៀតថា ជនល្មើសទាំង២នាក់ កំពុងធ្វើការសាកសួរនៅអធិការដ្ឋាន និងបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
loading...
From:https://kohsantepheapdaily.com.kh/article/169009.html
0 comments