ស្លាប់​២​នាក់ និង​២​នាក់​ទៀត​រង​របួសធ្ងន់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍

ខេត្តពោធិ៍សាត់ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​០២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​០២​នាក់​ទៀត​រង​របួសធ្ងន់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើ...

ខេត្តពោធិ៍សាត់ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​០២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​០២​នាក់​ទៀត​រង​របួសធ្ងន់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង​នៅ​ខេត្តពោធិ៍សាត់​ក្នុង​រយះ​ពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​២៩ និង​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៧ នៅ​កន្លែង​ផ្សេង​គ្នា ។
សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក បាន​ឲ្យ​ដឹង​ថា ៖ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ កើតឡើង​០៤​ករណី​ផ្សេង​គ្នា ៖ ទី​១.​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ត្រាំ ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ដែល​បង្ក​ឡើង​ដោយ​រថយន្ដ​បុក​អ្នក​ជិះ​កង់​ស្លាប់ ។ នៅ​យប់​នោះ​រថយន្ដ​មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​យ៉ាង​លឿន​ពី​កើត​ទៅ​លិច ។ ទៅ​ដល់​ចំណុច​កើតហេតុ បាន​បុក​បុរស​ម្នាក់​កំពុង​ជិះ​កង់​ស្រប​ទិស​គ្នា បណ្ដាល​ឲ្យ​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ អាយុ​ប្រហែល​៦០​ឆ្នាំ ពាក់​អាវយឺត​ស​ដៃខ្លី ស្លៀកខោ​ជើងវែង​ពណ៌​ក្រ​ម៉ៅ ។


គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​២ កើតឡើង​នៅ​លើ​ផ្លូវ​កៅស៊ូ ស្ថិត​ក្នុងភូមិ​រូង​ឃុំ​បឹង​ខ្នារ ស្រុក​បាកាន បង្ក​ឡើង​ដោយ​ម៉ូតូ​បុក​ឆ្កែ​បណ្ដាល​ឲ្យ​ស្លាប់​អ្នក​ជិះ​ម៉ូតូ ។ ជន​រង​គ្រោះ​ឈ្មោះ ផេង ជឿន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​បឹង​ប្រិ​យ៍ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០០៨ ពាក់​ស្លាក​លេខ ពោធិ៍សាត់ ១B-៤១១៥ ។ នៅ​ថ្ងៃ​នោះ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ក្នុង​ល្បឿន​លឿន ។ ទៅ​ដល់​ចំណុច​កើតហេតុ បាន​បុក​សត្វ​ឆ្កែ​រត់​កាត់​ថ្នល់​បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ពីរ​បី​ត្រលប់​សន្លប់​ស្ដូកស្ដឹង ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ។
គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​៣ កើតឡើង​នៅ​ភូមិ​បឹង​ក្រាញ់ ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ដែល​បង្ក​ឡើង​ដោយ​អ្នក​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​របួសធ្ងន់ ។ ជន​រង​គ្រោះ​ឈ្មោះ ឯក ធា​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​តាកែវ​ក្រោម ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ ១B-៤៣៥៩ ។
គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​៤ កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​២០៧ ២០៨ ត្រង់​ចំណុច​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន បង្ក​ឡើង​ដោយ​ម៉ូតូ​កៀរ​រថយន្ដ របួសធ្ងន់ ។ នៅ​រសៀល​នោះ ជន​រង​គ្រោះ​ឈ្មោះ សុខុម សុ​វ​ឌ្ព្យ​ន៍ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​បឹង​ខ្នារ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៥ ពាក់​ស្លាក​លេខ ពោធិ៍សាត់ ១G-៨៩០៥ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ ទៅ​ដល់​ចំណុច​កើតហេតុ បាន​បើក​ជែង និង​កៀរ​រថយន្ដ​មួយ​គ្រឿង ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា បណ្ដាល​ឲ្យ​ដួល​ពីរ​បី​ត្រលប់​របួស​យ៉ាងធ្ងន់ធ្ងរ ។ ចំណែក​រថយន្ដ​មិន​ស្គាល់​ម៉ាក ឃើញ​ហេតុការណ៍​បែប​នេះ ក៏​បើក​គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង ។
ម៉ូតូ​បង្ក​គ្រោះថ្នាក់​ទាំងអស់ សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​រដ្ឋបាល ឬ​ឯ​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ៕


...
loading...
From:https://kohsantepheapdaily.com.kh/article/167866.html

You Might Also Like

0 comments

Flickr Images

})()